​​​​​​មុន​​នឹង​សម្រេច​ផ្សាយពាណិជ្ជកម្ម​ជាមួយ​​គេហទំព័រ​​ណា​មួយ​ ​​ អ្នក​ទីផ្សារ​ ឬ ម្ចាស់​អាជីវកម្ម​​​មិន​ត្រូវ​ភ្លេច​ចំណុច​សំខាន់ៗ​ទាំង​៤​​នេះ​ឡើយ

បច្ចុប្បន្ន​នេះ​ការ​ធ្វើ​ទីផ្សារ​បែប​ទំនើប​​ (Digital Marketing) កាន់​តែ​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ពី​បណ្ដា​ក្រុមហ៊ុន​​ផ្សេងៗ​ ព្រោះ​​ថា ​​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើង​ៗ​បាន​នឹង​កំពុង​​ប្រើប្រាស់​អ៊ីនធឺណិត​​ ​​បណ្ដាញ​សង្គម​​ ​​និង ​ទូរស័ព្ទSmart Phone ​​ជា​ហេតុ​​នាំ​​​​ឲ្យ​​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បញ្ជូន​ដំណឹង​​ពាក់ព័ន្ធ​នឹង​​ផលិតផល​ ឬ សេវាកម្ម​​ទៅ​ដល់​មនុស្ស​កាន់​តែ​ច្រើន ​នាំ​​ឲ្យ​លទ្ធផល​ដែល​ទទួល​បាន​ក៏​​ល្អ​ផង​ដែរ​។ ​ប៉ុន្តែ​​យ៉ាង​ណា​ក៏​ដោយ ​ដើម្បី​​​សម្រេច​ចិត្ត​ជ្រើសរើស​​គេហទំព័រ​​មួយ​​ ​សម្រាប់​​​ផ្សព្វផ្សាយ​​​​ឲ្យ​បាន​ត្រឹមត្រូវ​ ​អ្នក​ទីផ្សារ​ ឬ​​ ម្ចាស់​អាជីវកម្ម​ត្រូវ​មាន​ភាព​ឆ្លាតវៃ​​​ ​ហើយ​ត្រូវ​យល់​​ច្បាស់​អំពី​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ ដើម្បី​ប្រាកដ​ថា ​​​​ការ​ជ្រើសរើស​​​យក​​គេហទំព័រ​ណា​មួយ​ដើម្បី​ផ្សាយ​​ផ្សាយ​នោះ ​ទទួល​បាន​ប្រសិទ្ធភាព​និង ប្រសិទ្ធិ​ផល​ខ្ពស់។

១) ​ប្រភេទ​​​​​​​​គេហទំព័រ​​ដែល​ត្រូវ​ជា​មួយ​នឹង​អតិថិជន​គោលដៅ​របស់​អ្នក​៖ គេហទំព័រ​​ព័ត៌មាន​មាន​ច្រើន​ប្រភេទ​ ​មាន​ទាំង​​ផ្នែក​កម្សាន្ត​​ (ភាគច្រើន​ជា​មនុស្ស​​មាន​វ័យ​ក្មេងៗ​ចូល​អាន​) ​​​ផ្នែក​កីឡា​ ​​ផ្នែក​នយោបាយ​​ ​ផ្នែក​ការ​អប់រំ​ សេដ្ឋកិច្ច​​ ឬ ​ផ្នែក​​ជំនួញ។ ​​​​ក្នុង​ចំណោម​​ប្រភេទ​​ដូច​បាន​រៀបរាប់​នេះ​ថា​តើ​មួយ​ណា​ដែល​ត្រូវ​ជាមួយ​នឹង​ អតិថិជន​គោលដៅ​របស់​អ្នក​​ ​ព្រោះ​ថា ​បើ​ផលិតផល​របស់​អ្នក​គឺ​សម្រាប់​តែ​មនុស្ស​មាន​វ័យ​​ចំណាស់​ តែ​អ្នក​ផ្សាយ​នៅ​លើ​គេហទំព័រ​ដែល​​មាន​មនុស្ស​​ភាគច្រើន​សុទ្ធតែ​ក្មេងៗ​នោះ ​គឺ​​​​​ប្រាកដ​ជា​គ្មាន​ប្រសិទ្ធភាព​នោះ​ឡើយ​ ទោះបី​ជា​មាន​​មនុស្ស​ជាច្រើន​ឃើញ​​អំពី​ការ​ផ្សព្វផ្សាយ​របស់​អ្នក​ក៏​ដោយ​។

២) ​វាយ​តម្លៃ​គេហទំព័រ​ទាំង​នោះ​​តាមរយៈ​​ វិធីសាស្ត្រ​មួយ​ចំនួន​​៖ ​​ក្នុង​នាម​ជា​​អ្នក​ទីផ្សារ​​ ឬ ​ម្ចាស់​អាជីវកម្ម​ម្នាក់ ​​គឺ​ត្រូវ​តែ​​យល់​ដឹង​ច្រើន​​ ​ជា​ពិសេស​​អំពី​វិធីសាស្ត្រ​មួយ​ចំនួន​​សម្រាប់​វាយតម្លៃ​លើ​គេហទំព័រ​​ដែល​អ្នក​​​គិត​ថា ចង់​ផ្សព្វផ្សាយ​នោះ ​ដើម្បី​ដឹង​ថា​ ​មាន​មនុស្ស​ចូល​​មើល​ច្រើន​ប៉ុន្មាន​​ ​​ហើយ​ចំណាត់​ថ្នាក់​​​​​​​ប៉ុន្មាន​ដែរ​​។ ​ជា​ទូទៅ​​ គេ​​ប្រើប្រាស់​​Alexa (www.alexa.com) ​ដើម្បី​ដឹង​ថា​​ ​​​​តើ​​គេហទំព័រ​​ណា​មួយ​​ ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​​​ប៉ុន្មាន​។ Alexa​ ​ជា​​​ក្រុមហ៊ុន​​​​មួយ​ដែល​​​ពិភពលោក​​ប្រើប្រាស់​ ដើម្បី​​ចាត់​​ចំណាត់​ថ្នាក់​គេហទំព័រ​ផ្សេងៗ​​ ដោយ​ផ្នែក​លើ​ចំនួន​អ្នក​ចូល​មើល​ និង ចំនួន​ចុច​អាន​​​​ក្នុង​អត្ថបទ​ផ្សេងៗ​ (​page-views)។

ដូច្នេះ​អ្នក​អាច​ប្រើប្រាស់​វា​ ដើម្បី​ដឹង​អំពី​ចំណាត់​ថ្នាក់​​​គេហទំព័រ​ណា​មួយ​ក្នុង​ប្រទេស​កម្ពុជា​​ ឬ ​នៅ​លើ​ពិភពលោក​បាន​។ ​​បើ​ចំណាត់ថ្នាក់​​​​ល្អ​ មាន​ន័យ​ថា ​មាន​មនុស្ស​ជាច្រើន​បាន​ចូល​​​ទៅ​អាន​​អត្ថបទ​ក្នុង​គេហទំព័រ​នោះ ​ដូច្នេះ​ហើយ​​ ​​​​​ការ​នាំ​យក​ផលិតផល​របស់​អ្នក​​ទៅ​ផ្សាយ​នៅ​ទីនោះ​​ គឺ​​​មិន​ខុស​បំណង​នោះ​ទេ​។ ​​ក្រៅ​តែ​ពី Alexa​ អ្នក​ក៏​អាច​ប្រើ​ Worth of Web (www.worthofweb.com) ​ដើម្បី​វាយ​តម្លៃ​ផង​ដែរ​។ វា​អាច​​នឹង​មាន​ទិន្នន័យ​ខុសគ្នា​​​បន្តិច​ ប៉ុន្តែ​អ្នក​អាច​ប្រើ​​វា​ ដើម្បី​ប្រៀបធៀប​​គេហទំព័រ​នីមួយៗ​​​ ដើម្បី​ប្រាកដ​ថា​ អ្នក​រើស​ចំ​គេហទំព័រ​ដែល​​​ល្អ​ពិត​ប្រាកដ​សម្រាប់​ការ​ផ្សាយ​​ផលិតផល​របស់​អ្នក​។
​​​​​​​​​
​​​​​​​​​​​​​៣) ​​​មើល​ទៅ​លើ​ទំព័រ​​ហ្វេសប៊ុក​៖ ​បច្ចុប្បន្ន​នេះ​ ទំព័រ​​ហ្វេសប៊ុក​​បាន​នឹង​កំពុង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ដំណឹង​ និង ​ផលិតផល​​ជាច្រើន​របស់​ក្រុមហ៊ុន​នីមួយៗ​។ ​អ្វី​ដែល​ពិសេស​នោះ ​​ហ្វេសប៊ុក​​​បាន​ក្លាយ​ជា​​ប្រភព​ដ៏​សំខាន់​របស់​ម្ចាស់​គេហទំព័រ​ព័ត៌មាន​​នីមួយៗ​ ​ដើម្បី​ទាញ​យក​អ្នក​អាន​​​​ឲ្យ​ចូល​​ទៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន​។ ដូច្នេះ​ហើយ​ អ្នក​ត្រូវ​ពិនិត្យ​មើល​លើ​ចំនួន​​ Like ឬ ​Fan ​នៅ​លើ​ហ្វេសប៊ុក​​របស់​គេហទំព័រ​​ព័ត៌មាន​​​​ទាំង​នោះ​​​។ បើ​មាន​ច្រើន​គឺ​​​​​​ល្អ​​ ប៉ុន្តែ​មិន​ទាន់​ល្អ​គ្រប់គ្រាន់​នោះ​ទេ​ បើ​កាល​ណា​​ ​​ទំព័រ ហ្វេសប៊ុក​នោះ​​មាន​តែ​ចំនួន​​ Like ច្រើន​តែ​ខ្សោយ​​​​ការ​​ចូលរួម​របស់​​​Fan (Engagement )។

​​​​ការ​​ចូលរួម​របស់​​​Fan (Engagement ) ​មាន​ន័យ​ថា ជា​សកម្មភាព​របស់​​មនុស្ស​ដែល​បាន​ ចុច​ Like ​នៅ​លើ​ទំព័រ​​ហ្វេសប៊ុក​នោះ​រាប់​ទឹក​ ​Like, Share និង comment។ ​ដើម្បី​ដឹង​ថា ទំព័រ​​​ហ្វេសប៊ុក​មួយ​​​​មាន​​​​ចូលរួម​របស់​​​Fan (Engagement )​​​ កម្រិត​ណា​​​នោះ ​អ្នក​ត្រូវ​ចូល​ទៅ​​​​​ទំព័រ​​ហ្វេសប៊ុក​​របស់​ក្រុមហ៊ុន​អ្នក​ ហើយ​​​​ចូល​​ពាក្យ​ថា​​«​insight» ​​បន្ទាប់​មក​ចូល​​ទៅ​ «​Add Page»​ ​​​ហើយ​វាយ​ឈ្មោះ​ទំព័រ​ហ្វេសប៊ុក​ដែល​អ្នក​ចង់​ដឹង​នោះ ​​​បន្ទាប់​មក​អ្នក​នឹង​ឃើញ​ការ​ប្រៀបធៀប​​​រវាង​​​ទំព័រ​ហ្វេសប៊ុក​របស់​អ្នក និង ទំព័រ​ហ្វេសប៊ុក​​ផ្សេងៗ​ទៀត​ដែល​អ្នក​ចង់​​ដឹង​។ ​​ក្រៅ​ពី​​នេះ​ អ្នក​ក៏​អាច​ព្យាយាម​សង្កេត​មើល​នៅ​លើ​ទំព័រ​​ហ្វេសប៊ុក​​នោះ​ដោយ​ផ្ទាល់ ​ដោយ​សង្កេត​មើល​​​​​​​ចំនួន​​Like, Share ​ឬ ​ Comment ​​​នៅ​​លើ​​ អត្ថបទ​ ឬ Content នីមួយៗ​ដែល​ត្រូវ​បាន​គេ​ផុស​​​​នោះ​។​​​​​​​​​​​​​​​​​​​​​​

៤) ​​​គុណភាព ​ឬ ​វិជ្ជាជីវៈ​​​របស់​គេហទំព័រ​៖ ​គេហទំព័រ​មួយ​ចំនួន​​ ​បាន​​ប្រើប្រាស់​វិធី​ជាច្រើន​​ដើម្បី​ទាញ​​មនុស្ស​​​ឲ្យ​ចូល​អាន​ក្នុង​គេហទំព័រ​របស់​ខ្លួន​​ ​ដូច្នេះ​ហើយ​​ក៏​មិន​សូវ​ផ្ដោត​សំខាន់​​ទៅ​លើ​ ​គុណភាព​នៃ​អត្ថបទ​​ ឬ ​វិជ្ជាជីវៈ​អ្វី​នោះ​ឡើយ​​ ​ពោល​គឺ​គ្រាន់​តែ​សរសេរ​រឿង​ណា​ដែល​ឆាប់​ទាញ​យក​ចំណាប់​អារម្មណ៍​របស់​អ្នក​អាន ដូច​ជា​​ ប្រភេទ​អត្ថបទ​​​​​​​ទាក់ទង​នឹង​រឿងរ៉ាវ​អាសអាភាស​ ​ខ្លឹមសារ​ ឬ ​រូប​ភាព​នៃ​អំពើ​ហិង្សា​ ​ ​​ករណី​​គ្រោះថ្នាក់​ចរាចរណ៍​​ច្រើន​ ឬ​អ្វី​​ក៏​ដោយ​​​ដែល​ទាញ​​យក​​អ្នក​​​​ឲ្យ​បាន​ច្រើន។​ ​​​​ប៉ុន្តែ​សម្រាប់​និស្សិត​បញ្ញវន្ត​​ ​អ្នក​មាន​ចំណេះដឹង​ខ្ពស់​ ​និង អ្នក​ជំនួញ​ភាគច្រើន​ ពួកគេ​​មិន​ចំណាយ​ពេល​ច្រើន​លើ​​រឿង​លើ​ប្រភេទ​អត្ថបទ​ទាំង​នេះ​ឡើយ​​ តែ​ពួកគេ​ចាប់​អារម្មណ៍​​ច្រើន​លើ​អត្ថបទ​​ ឬ គេហទំព័រ​​ដែល​ផ្ដោត​លើ​ចំណេះដឹង​ សេដ្ឋកិច្ច​​​​ នយោបាយ​ ឬ ​ការ​រកស៊ី​ផ្សេងៗ​។ ​ដូច្នេះ​ហើយ​ ត្រង់​ចំណុច​នេះ​ក៏​សំខាន់​ផងដែរ​ សម្រាប់​​កេរ្តិ៍​ឈ្មោះ​របស់​ក្រុមហ៊ុន​ ឬ ​ផលិតផល​របស់​អ្នក​​ នៅ​ពេល​ដែល​សម្រេច​ផ្សាយ​នៅ​លើ​គេហទំព័រ​ណា​មួយ​៕

Leave a reply

Your email address will not be published. Required fields are marked *